រឿង ក្អែក និង ខ្វែកសត្រូវនិងគ្នា
មាន សេចក្ដីនិទានថា កាលពីព្រេងនាយ សត្វបក្សីទាំងអស់ សុទ្ធតែមានសម្បុរសដូច ៗ គ្នា ខុសតែរាងរៅ និងសណ្ឋានទ្រង់ទ្រាយប៉ុណ្ណោះ។ ពេលដែលហើរលើអាកាស គេមិនអាចសំគាល់បានថាជាសត្វអ្វី ៗ ឡើយ។ ដោយមានសភាពច្រឡំគ្នាដូច្នេះ ទើបសត្វទាំងអស់ បានបបួលគ្នាមកប្រជុំព្រឹក្សាគ្នាថា ” ឥឡូវនេះ យើងទាំងអស់គ្នាគិតរចនារូបយើងទាំងអស់គ្នា អោយមានសភាពយ៉ាងណា ដើម្បីឲ្យមានពណ៌សម្បុរខុស ៗ គ្នា ប្រយោជន៍កុំអោយមនុស្សលោកគេច្រឡំ ។ លុះជំនុំអស់ពេលយ៉ាងយូរទើបសម្រេចថា ” អ្នកណាស្រឡាញ់ពណ៌សម្បុរយ៉ាងណា ចូរធ្វើយ៉ាងនោះទៅចុះ កុំអោយតែដូចគ្នា ” ពេលនោះ សត្វទាំងអស់បានអនុម័តយល់ព្រមតាំងសត្វខ្វែក អោយធ្វើជាមេខាងគំនូរ ខ្វែកបានគូរគ្រប់សត្វទាំងអស់ តាមរបៀបដែលគេចូលចិត្តរៀងៗខ្លួន នៅសល់តែក្អែក និងខ្វែកខ្លួនឯង ពុំទាន់បានគូរនៅឡើយ ។ ខ្វែកសួរទៅក្អែកថា ” បងក្អែកឯងចង់គូរពណ៌ដូចម្ដេច ? ” ។ ក្អែកឆ្លើយថា ” ស្រេចនៅលើបងខ្វែក បងដែលជាជាងគំនូរស្រាប់ គូរយ៉ាងណាអោយតែសមល្អ ” ។ ខ្វែកឆ្លើយថា ” អើ ! បើដូច្នោះខ្ញុំគូរបានតែពេលយប់ទេ ទើបរំលេចពណ៌ល្អ គូរថ្ងៃមិនល្អទេ ។ ប៉ុន្តែចូរក្អែកឯង គូរឲ្យខ្ញុំមុនសិន ចាំខ្ញុំគូរឲ្យបងឯងក្រោយ ក្អែកក៏គូរអោយខ្វែកមានពណ៌ក្រវេមក្រវាមតាមពេញចិត្ត ។ លុះដល់ពេលយប់ងងឹតសូន្យសុងខ្វែកក៏ហៅក្អែកទាំងអស់មកប្រជុំ ព្រឹក្សាគ្នាហើយលាយធ្យូងមួយខ្ទះធំយកកំណាត់ជ្រលក់លាប ៗ ពេញសត្វទាំងអស់ គ្មានសល់សាច់ត្រង់ណាបន្តិចបន្តួចឡើយ ។ លុះព្រឹកឡើងកាលណាក្អែកទាំងអស់ឃើញខ្លួនខ្មៅព្រីកគ្រប់ៗ គ្នាឯខ្វែកគ្រាន់តែភ្លឺព្រាង ៗ ក៏នាំគ្នាហើរគេចខ្លួនបាត់អស់ ។ ក្អែកនឹកខឹងណាស់ នាំគ្នាហើរស្រែកកងរំពងពាសពេញព្រៃ រកខ្វែក អោយតែជួបប្រទះនឹងចឹកសំ លាប់អោយវិនាស ។ ហេតុនោះហើយ ទើបសត្វខ្វែករកស៊ីតែពេលយប់ ព្រោះបើរកស៊ីនៅពេលថ្ងៃនោះមុខជាពើបប្រទះនឹងសត្វក្អែក ដែលជាសត្រូវយកជីវិតរបស់វា ក្អែកនឹងព្រួតគ្នាចឹកសំ លាប់ចោលមិនខាន។ លុះដល់ពេលថ្ងៃ វានាំគ្នាសំងំនៅក្នុងព្រៃបាត់អស់ រហូតមកដល់សព្វថ្ងៃនេះ ៕
_______________________ ប្រជុំរឿងព្រេងខ្មែរភាគទី៧