រឿង កណ្ដុរសឡើងជាស្ដេច
អ្នក ផងតែងនឹកឆ្ងល់ថា៖ សត្វកណ្ដុរតូចតាចពេកណាស់ ហើយពុំមែនជាសត្វជាមានឫទ្ធិផង ហេតុអ្វីក៏គេលើកធ្វើជាតំណាងឆ្នាំទី១គឺឆ្នាំជូត? បានជាដូច្នេះព្រោះមានរឿងព្រេងមួយទាក់ទងនឹងកណ្ដុរ។ មានសេចក្ដីនិទានថា៖ មានប្ដីប្រពន្ធជាអ្នកទ័លក្រមានកូន ១៧ នាក់សុទ្ធតែស្រី។ ថ្ងៃមួយ ឪពុកម្ដាយជំនុំគ្នាថា៖ យើងបើទ័លក្រម្ល៉ោះ នឹងទ្រទ្រាំចិញ្ចឹមកូនពុំបានទេ ត្រូវតែយើងដាច់ចិត្ត នាំយកទៅប្រោសចោល តាមតែផលកម្មរបស់វាចុះ។ ហើយនិយាយទៅកូនទាំងនោះថា៖ -កូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនរស់ទេ គួរទាំងគ្នាទៅនៅព្រៃវិញ។ ឯកូនក៏ស្រុះស្រួលតាមទាំងអស់ ។ ឪពុកម្ដាយ គិតគ្នាហើយស្រេចថាយើងនាំវាទៅ ឲ្យដល់ព្រៃធំ ហើយចូលឲ្យជ្រៅទៅទៀត សឹមយើងគេចចេញពីវា។ គិតហើយ ក៏នាំគ្នាចេញទៅ ដឹងថាបានឆ្ងាយអង្វែងហើយ ក៏ឈប់សំរាប់នៅទីនោះ ហៅកូនអោយមកជុំគ្នា និយាយទៅកូនថា៖ -កូនឯងកុំដើរបែកគ្នាបានចំណីអ្វីចែកគ្នាស៊ីឥឡូវទាំងអស់គ្នានៅទីនេះចុះ ឪម៉ែទៅរកផ្លែឈើ។ ថាហើយ ក៏ដើរចេញទៅ នាំគ្នាគេចទៅភូមិផ្ទះវិញ។ លុះបាត់យូរពេកកូនទាំងអស់គ្នានាំគ្នាដើររក។ ដើរទៅចូលទៅក្នុងស្រុកយក្ស។ យក្សដែលជាធំ នៅកំលោះតែគ្មានឪពុកម្ដាយ មានតែប្អូនស្រីក្រមុំម្នាក់។ ថ្ងៃមួយយក្សប្រុសអោយប្អូនស្រីដាំ បាយដំណើបអោយច្រើន ហើយវារែកយកចាក់ពូនធ្វើជាទំនប់ភ្លឺស្រែ ។ ចាក់ហើយក៏ត្រឡប់ទៅលំនៅវិញ ទទួលពេលនោះនាង ១៧ នាក់ដើរទៅបានជួបប្រទះ នាំគ្នាស៊ីបាយដំណើបនោះ ស្រាប់តែយក្សមកទាន់ ក៏ចាប់យកអស់ទៅ ហើយយកទៅប្រគល់អោយប្អូនស្រីវាទុកជាខ្ញុំបម្រើតរៀងទៅ។ នាងទាំងនោះ លំបាកណាស់ ព្រោះយក្សប្រើឥតត្រាប្រណី សំលៀកបំពាក់គ្មានទេ វាអោយដេកនៅតែក្រោមផ្ទះ គឺយក្សមានបំណងថា អោយតែនាងទាំងនេះធំ វានឹងយកធ្វើជាចំណីអាហារ។ ថ្ងៃមួយយក្សហាមប្រាមនាងទាំងអស់នោះថា កុំអោយដើរទៅទិសខាងកើត និងទិសខាងត្បូងអោយសោះ ។ ចាប់តាំងពីថ្ងៃបានហាមហើយ យក្សប្រុសចេះតែដើរលេងសប្បាយមិនដឹងប្រាកដទីលំនៅ។ នាងទាំងអស់នោះនឹកឆ្ងល់ណាស់ ចង់លបដើរទៅមើល ទៅទិសខាងកើតឃើញប្រាសាទ ក៏នាំគ្នាចូលទៅមើលខាងក្នុងក៏ឃើញមានពាងអុងធំៗ បបួលគ្នាបើកមើល ឃើញសុទ្ធតែទឹកមាស និងទឹកប្រាក់ពេញ ៗ អុង ក៏យកចង្អុលដៃទៅជ្រលក់ ក្នុងទឹកមាសគ្រប់ ៗ គ្នា ដកឡើងដិតជាប់ដៃជូតមិនជ្រះសោះ ក៏នឹកភ័យក្រែងយក្សដឹង គិតនាំគ្នាយកកំណាត់រុំចង្អុលដៃដូចៗ គ្នា ហើយក៏នាំគ្នាដើរទៅរកមើលខាងទិសឯត្បូងទៀត។ នាងទាំងនោះ បានយល់រោងមួយធំ លុះដើរចូលទៅមើលឃើញគំនរឆ្អឹងមនុស្សគរជាពំនូក ៗ តាមផ្នែកឆ្អឹងដោយឡែក ៗ ពីគ្នា ។ នាងទាំងឡាយភ័យខ្លាច ក៏ថយចេញមកវិញ ជំនុំគ្នានឹកគិតព្រួយថា៖ បើយើងនៅទីនេះយូរទៅ មុខជាយក្សស៊ីមិនខាន។ ជំនុំគ្នាគិតរត់ ក្រែងរត់មិនរួច ទាល់គំនិត ក៏ព្រួយក្នុងចិត្តឥតឧបមារាល់ថ្ងៃ។ ពេលមួយ អាយក្សប្រុស ត្រឡប់មកពីក្រៅមកដល់ផ្ទះ ឃើញនាងទាំង ១៧ រុំចង្អុលដៃដូច ៗ គ្នា ក៏សួរថា៖ -វាស្អីបានជារុំចង្អុលដៃស្រុះគ្នាម្ល៉េះ? -នាងទាំងនោះភ័យ ហើយឆ្លើយថា ” កាំបិតមុត” យក្សឆ្លើយវិញថា ” អញមិនជឿទេ ស្រាយកំណាត់រុំចេញ អោយអញមើលភ្លាម ! ”។ នាងទាំងនោះស្រាយប្រញាប់ប្រញាល់ យក្សឃើញហើយក្រេវក្រោធស្រែកសន្ធាប់ថា៖ -អញហាមផ្ដាច់ហ្នា៎ ឥឡូវម៉េចក៏ចិត្តធំចង្រៃ ទៅបំផ្លាញទាល់បានយ៉ាងនេះ? ហងឯងចង្រៃអាក្រក់ណាស់ ! មកទាំងអស់គ្នា ! ទៅកន្លែងនោះម្ដងទៀត។ នាងទាំងឡាយភ័យយំសស្រាក់ នឹកថាយក្សនាំទៅសំលាប់ហើយលុះដើរទៅដល់ជិតឃ្លាំង យក្សវាក្ដៅចិត្តវា វាចាប់នាងទាំងនោះ ម្ដងមួយ ៗ លើកទំលាក់ទៅក្នុងអុងទឹកមាស នៅលិចលង់វេទនា ទាល់តែអស់ចិត្តទើបវាស្រង់ឡើង នាងទាំងនោះល្ងីល្ងើស្ទើរស្លាប់ តែជាគុណម្យ៉ាង គឺនាងនោះ មានរូបរាងប្រកបដោយរស្មីភ្លឺចិញ្ចែងវិសេសដូចមាស ចាប់តាំងពីពេលនោះមក ។ នាងទាំងអស់កើតទុក្ខព្រួយជានិច្ច នឹកថា៖ ទ្រាំនៅទៅទៀត មុខជាស្លាប់។ គ្រានោះ មានកណ្ដុរសបានមកយល់រឿងនេះ កណ្ដុរក៏មានចិត្តមេត្តាដល់នាងទាំងនោះ លុះដល់ពេលស្ងាត់ កណ្ដុរមកប្រាប់ថា៖ -នាងឯងរាល់គ្នា តែខំនៅទីនេះ មុខជាយក្សវាស៊ីជាចំណីវាហើយ បើគិតរត់ក៏មិនរួចជើងវាដែរ។ ឥឡូវនេះ យើងជួបគិតឧបាយសង្គ្រោះបានតែនាងឯងចូរចាំថា ដល់ពេលជាត់បាយ កុំជាត់ចោល ទុកទឹកបាយអោយយើងផឹក យើងនឹងកាយរូងក្នុងដី ធ្វើផ្លូវអោយនាងរួចរត់ឲ្យផុតពីស្រុកយក្សហើយនាងត្រូវលៃធ្វើ បាយខាវតាក សំរាប់ធ្វើស្បៀងតាមផ្លូវចុះ ”។ នាងទាំងអស់ទទួលថា ” មិនអីទេ សូមអោយតែកណ្ដុរសង្គ្រោះ ធ្វើអោយខ្ញុំបានចុះ ”។ គ្រានោះ កណ្ដុរសនិយាយអោយការណ៍សព្វគ្រប់ហើយ ក៏ថយទៅឯនាងទាំងនោះ ជាត់បាយហើយ តែងតែទុកទឹកបាយ ឲ្យកណ្ដុរផឹកជានិច្ច ចំណែកបាយខាវតាក ក៏បានប្រុងប្រៀបលៃលកទុកសំរាប់ខ្លួនជាស្រេច។ រវាងកន្លះឆ្នាំ កណ្ដុរសចូលមកនិយាយប្រាប់នាងទាំង ១៧ ថា៖ ផ្លូវយើងធ្វើរួចស្រេចហើយ ឯដើមផ្លូវនៅត្រង់ចន្លោះនោះ យើងបានកាច់មែកឈើទុកអោយជាសញ្ញា ចូរនាងប្រញាប់ដោះខ្លួនកុំនៅយូរ រួចហើយកណ្ដុរស ក៏លាថយចេញទៅ។ លុះដល់ពេលស្ងាត់ នាងទាំង ១៧ ដើរទៅរកមើលផ្លូវ ឃើញហើយក៏រីករាយចិត្ត ផ្លូវនោះស្អាតទូលាយល្អណាស់ ក៏ថយមកឯកន្លែងវិញ គិតគ្នាលៃលកអំពីអាហារ ដំណើរតាមផ្លូវ ក្រែងពុំបានគ្រប់គ្រាន់។ លុះគិតរួចស្រេចអស់ហើយ ថ្ងៃមួយស្ងាត់ យក្សប្រុសវាចេញដើរទៅក្រៅបាត់ នាងទាំង ១៧នាំបងប្អូនចេញទៅ តាមផ្លូវដែលស្ដេចកណ្ដុរធ្វើអោយ ហើយនាំគ្នាប្រឹងរួតដំណើរ មិនហ៊ានសំរាកសោះឡើយក្រែងមិនផុត ហើយអស់ដាច់អាហារតាមផ្លូវ។ ដំណើរត្រាច់ទៅនោះរវាង៣ ខែ ទើបបានផុត ទៅដល់នគរមួយផ្សេងទៀត ទៅនៅនឹងមាត់ស្រះទឹករបស់ស្ដេច ដែលភីលៀងស្ដេចតែងតែទៅដងទឹកនោះជារឿយៗ។ តាំងពីនោះមក នាងទាំង ១៧ នាក់ បានសុខសប្បាយ ហើយខ្លួនក៏កាន់តែពេញជំទង់ក្រមុំអស់ហើយ នៅលំហែកាយនឹងស្រះនោះ ទទួលពេលមួយភីលៀងទៅដងទឹក បានឃើញនាងទាំងអស់នោះ ឋិតនៅព្រោងព្រាតក្បែរស្រះ នាងពិនិត្យមើលឃើញសព្វគ្រប់ ក៏ប្រញាប់ទៅទូលព្រះរាជាវិញ។ ដល់ហើយក្រាបបង្គំទូលថា៖ ខ្ញុំម្ចាស់ ទាំងអស់គ្នា ទៅដកទឹកឯស្រះឯនោះ បានជួបប្រទះឃើញមានស្ត្រីក្រមុំ ១៧ នាក់ មានរូបរាងកាយភ្លឺ ល្អៗ ណាស់ មកជ្រកនៅនឹងមាត់ស្រះ ប៉ុន្តែគ្មានសំលៀកបំពាក់ទេ ខ្លួនប្រាណនៅទទេស្អាតទាំងអស់។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ស្លុតព្រះរាជហឫទ័យ ក៏ទ្រង់ចាត់ព្រះរាជបម្រើ ឲ្យទៅហៅនាំយកនាងទាំង១៧ នោះចូលមកកាន់ព្រះរាជដំណាក់។ ឯនាងនោះ បានប្រកែកថា៖ ខ្លួនខ្មាសដោយគ្មានអ្វីស្លៀកពាក់។ឯរាជបម្រើក៏ត្រឡប់ទៅវិញ ទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចបានចាត់ឲ្យស្រីស្នំភីលៀង នាំយកសំលៀកបំពាក់ ទៅឲ្យនាងទាំង១៧ ហើយដង្ហែចូលមកធ្វើជាមហេសី។ កាលបើបានជាមហេសីស្ដេចហើយ នាងទាំង១៧ ក៏ចាត់អោយស៊ើបរកឪពុក-ម្ដាយ ទាល់តែឃើញ នាំមកប្រទានទ្រព្យ និងសង្ហារ ហើយក៏ចាត់អោយស្វែងរកកណ្ដុរស ដែលជួយសង្គ្រោះនោះ មកចិញ្ចឹមរក្សាក្នុងទីកន្លែងសមគួរ ព្រមទាំងតែងតាំងអោយកណ្ដុរសនោះ ជាស្ដេចលើកណ្ដុរទូរទៅ៕
_______________________ ប្រជុំរឿងព្រេងខ្មែរភាគទី៧