រឿង ក្របី​ស្រុក​ និង ក្របី​ព្រៃ​

ក្នុង ​អតីត​សម័យ​ មាន​ក្របី​ពីរ​ មួយ​ជា​ក្របី​ស្រុក​ មួយ​ទៀត​ជា​ក្របី​ព្រៃ​ ។ សត្វ​ទាំង​ពីរ​នេះ​ស្រលាញ់​គ្នា​ណាស់​ ដេក នៅ ស៊ី​ចុក​ ជា​មួយ​គ្នា​ពុំ​ដែល​ឃ្លាត​ ។ ទន្សាយ​ដឹង​ថា​ក្របី​​ទាំង​ពីរ​នេះ​ស្រឡាញ់​គ្នា​ ដូច្នេះ ក៏​រក​ឧបាយកល​ ធ្វើ​អោយ​បែក​ចេញ​ពី​គ្នា​ ។ ថ្ងៃ​មួយ​ វា​ដើរ​ចូល​មក​រក​សត្វ​ក្របី​ទាំង​ពីរ​នោះ​ ហើយ​និយាយ​​ថា​ ” នែ​ ! បង​ក្របី​ទាំង​ពីរ​អើ​ ចូរ​បង​ឯង​កុំ​ដេក​ ដើរ ស៊ី​ចុក​ជា​មួយ​គ្នា​​ ប្រយ័ត្ន​តែ​មនុស្ស​អ្នក​ស្រុក​គេ​ឃើញ​​​ នឹង​ចាប់​បង​ឯង​ទាំង​ពីរ​នាក់​ យក​ទៅ​ប្រើ​ប្រាស់​មិន​ខាន​​” ។ ក្របី​ព្រៃ​ឮ​ទន្សាយ​និយាយ​ដូច្នោះ​ ក៏​ភ័យ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ ដូច​ពាក្យ​ទន្សាយ​មែន​ ។ ចាប់​ពី​ថ្ងៃ​នោះ​មក​ ក្របី​ទាំង​ពីរ ក៏​នៅ​ស៊ី​ចុក​ដទៃ​ពី​គ្នា​។ ក្នុង​ការ​នៅ​បែក​គ្នា​នេះ​សត្វ​ទាំង​ពីរ​ ក៏​តែង​តែ​នឹក​អាល័យ​ដល់​គ្នា​​ នឹង​គ្នា​ រក​ទី​បំផុត​គ្មាន​ ដោយ​ធ្លាក់​បាន​នៅ​រួម​រក្ស​ជា​មួយ​គ្នា​អស់​កាល​ដ៏​យូរ​​ ។ លុះ​យូរ ៗ ទៅ​ ក្របី​ទាំង​ពីរ​ក៏​ភ្លេច​នឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ទន្សាយ​បាន​ដឹង​ថា​ ក្របី​ទាំង​ពីរ​បែក​គ្នា​ លែង​នឹក​នា​​ដល់​​គ្នា​នឹង​គ្នា​ហើយ​ ក៏​ដើរ​ទៅ​រក​ក្របី​ព្រៃ​និយាយ​ថា​៖ ” នែ​ក្របី​ព្រៃ​ ! ខ្ញុំ​បាន​ឮ​ក្របី​មួយ​គេ​និយាយ​ថា​ គេ​ខ្លាំង​ពូកែ​ណាស់​ គេ​រក​តែ​គូ​និង​ជល់​ល្បង​​​ឫទ្ធិ​និង​គ្នា​” ។ ក្របី​ព្រៃ​ឮ​ដូច្នោះ​ ខឹង​ណាស់​និយាយ​ថា​ ” យើ ! បង​ទន្សាយ​ក្រោម​មេឃ​លើ​ដី​មាន​តែ​ខ្ញុំ​ទេ​ ឥឡូវ​មាន​អា​ក្របី​ណា​មក​អួត​ក្អេង​ក្អាង​ថា​ខ្លួន​វា​ខ្លាំង​ពូកែ​ជាង​ ខ្ញុំ​ ចូរ​បង​ឯង​ទៅ​ហៅ​វា​មក​ យើង​នឹង​ជល់​ប្រឡង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឫទ្ធិ​គ្នា​” ។ទន្សាយ​ក៏​ទៅ​ប្រាប់​ក្របី​ស្រុក​ថា​៖ ” នែ​បង​ក្របី​ស្រុក​ ក្របី​ព្រៃ​គេ​ខឹង​នឹង​បង​​ឯង​ណាស់​ គេ​ថា​ឲ្យ​បង​ឯង​ទៅ​ជួប​ នឹង​ជល់​ប្រឡង​ឫទ្ធិ​គ្នា​​ម្ដង​​ ឲ្យ​ដឹង​ដៃ ” ។ ​​
ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ក្របី​ស្រុក​ ជូន​ដំណើរ​ទៅ​អោយ​ជួប​និង​ក្របី​ព្រៃ​ ។ លុះ​ទៅ​ដល់​ភ្លាម​ ក្របី​ព្រៃ ក៏​ស្ទុះ​មក​វ័ធ​ក្របី​ស្រុក​យ៉ាង​សាហាវ​ ។ ក្របី​ទាំង​ពីរ​ក៏​ប្រយុទ្ធ​គ្នា​អស់​ពេល​យ៉ាង​យូរ​ មិន​ចាញ់​មិន​ឈ្នះ​ ក៏​បែក​គ្នា​ចេញ​ចាក​គ្នា​ មួយ​នៅ​ស្រុក​មួយ​ទៅ​នៅ​ព្រៃ​ លែង​ជួប​គ្នា​តាំង​ពី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។
_______________________
ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៧

Download Khmer UnicodeDownload Khmer Unicode
Khmer Quotes