រឿង​ ក្រពើ និង អ្នកបរ​រទេះ​

មាន ​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ​ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់​ ក្រពើ​នោះ​នៅ​ពុំ​បាន​ ទើប​វារ​ឡើង​លើ​គោក​ ដើរ​ត្រេច​រក​ទី​មាន​ទឹក​។
កាល​នោះ​មាន​តា​ចាស់​ម្នាក់​ បរ​រទេះ​មក​ បាន​ជួប​និង​ក្រពើ​កំពុង​វារ​នៅ​កណ្ដាល​ផ្លូវ​។
ឯ​ក្រពើ​សុំ​ដោយ​សារ​រទេះ​តា​នោះ​ តា​សួរ​ថា​ “ចៅ​ឯង​ទៅ​ណា​ដែរ​?” ក្រពើ​ប្រាប់​ថា​ ” ខ្ញុំ​នេះ​រក​ទី​អាស្រ័យ​គ្មាន​ទេ​ គឺ​បឹង​ដែល​ខ្ញុំ​ធ្លាប់​រស់​នៅ​នោះ ឥឡូវ​ទឹក​រីង​ស្ងួត​អស់​ នឹង​នៅ​ត​ទៅ​ទៀត​ពុំ​បាន​ ទើប​ខ្ញុំ​ខំ​ស្វែង​រក​ បឹង ស្ទឹង ទន្លេ ឯណា​ ដែល​មាន​ទឹក​ នឹង​អាស្រ័យ​នៅ​ បើ​តា​មេត្តា​ សូម​នាំ​ខ្ញុំ​ទៅ​ឲ្យ​បាន​ដល់​ទី​ណា​ដែល​មាន​ទឹក​ ហើយ​ដាក់​ខ្ញុំ​ត្រង់​ទី​នោះ​ចុះ​” ។
តា​នោះ​ក៏​ព្រម​ ទើប​ដោះ​គោ​ចេញ​ពី​នឹម​ ហើយ​លលើក​ក្រពើ​ឡើង​ដាក់​សណ្ដូក​លើ​ទូក​រទេះ​ ហើយ​ដោយ​ក្រពើ​មិន​ទុក​ចិត្ត​ខ្លួន​ក្រែង​ធ្លាក់​ ទើប​ប្រើ​ឲ្យ​តា​នោះ​ យក​ខ្សែ​មក​ចង​ខ្លួន​ភ្ជាប់​នឹង​ទូក​រទេះ​ តា​ក៏​ធ្វើ​តាម​ពាក្យ​ក្រពើ​ស្រេច​ហើយ​តា​ក៏​ទឹម​​គោ​បរ​ចេញ​ទៅ​ លុះ​ដល់​ទី​បឹង​១​មាន​ទឹក​ តា​ក៏​បញ្ឈប់​រទេះ​ដោះ​គោ​ចេញ​ ងើយ​ស្រាយ​ចំណង​ក្រពើ​ ប្រាប់​ថា​ “​ បឹង​នេះ​មាន​ទឹក​គួរ​ហើយ​ចូល​ចៅ​លូន​ចូល​បឹង​នេះ​ចុះ​” ។
ឯ​ក្រពើ​ជា​សត្វ​អកតញ្ញូ​មិន​ដឹង​គុណ​គេ ថែម​ទាំង​ឃ្លាន​អាហារ​ ដោយ​អត់​មក​យូរ​ថ្ងៃ​ហើយ​ ក៏​និយាយ​ទៅ​ថា​ ” តា​ឯ​នេះ​ ចង​យើង​ភ្ជាប់​និង​ទូក​រទេះ​ យើង​បាន​​សេចក្ដី​វេទនា​ពន់​ពេក​ណាស់​ តា​ឯ​ត្រូវ​ឲ្យ​គោ​យើង​១​ស៊ី​ ទើប​តា​ឯង​រួច​ទោស​ បើ​មិន​ឲ្យ​គោ​ដល់​យើង​ទេ​ ត្រូវ​យើង​ស៊ី​តា​ឯង​ក្នុង​ពេល​ឥឡូវ​នេះ​ ។
តា​នោះ​លុះ​ឮ​ក្រពើ​ពោល​ពាក្យ​ដូច្នោះ​ ក៏​ភិត​ភ័យ​ណាស់​ ទើប​ស្ដី​អង្វរ​ថា ” នែ​ក្រពើ​ ! ខ្ញុំ​ឯង​នេះ​មាន​គុណ​ បាន​ដឹង​នាំ​បា​ឯង​មក​ដល់​ទី​នេះ​ ឥឡូវ​បា​ចង់​ស៊ី​ខ្ញុំ​វិញ​ ការ​នេះ​ខ្ញុំ​ឯង​អត់​ទោស​សោះ​ មិន​គួរ​អ្នក​នឹង​ពី​ឃាត​​​ បើ​ដូច្នោះ​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​ ចាំ​ខ្ញុំ​ទៅ​រក​លោក​ចៅ​ក្រម​ ឲ្យ​លោក​ជួយ​​វិនិច្ឆ័យ​រឿង​នេះ​សិន​ សឹម​ប្រតិបត្តិ​តាម​ទៅ​ ” ។ ក្រពើ​ក៏​ព្រម​ថា​ ” អើ​តា​ឯង​ទៅ​រក​ចៅ​ក្រម​ណា​ក៏​ទៅ​ឲ្យ​ឆាប់​ចុះ​ យើង​ចាំ​តា​​ឯង​នៅ​ទី​នេះ​ ” ។
តា​នោះ​បាន​ចេក​ទុំ​មួយ​ស្និត​ ក៏​កាន់​ដើរ​ទៅ​រក​ចៅ​ក្រម​ ។ ទៅ​ជួប​សត្វ​ទន្សាយ​គល់​មួយ​ នៅ​លើ​ដំបូក​ ទន្សាយ​ក្រឡេក​ឃើញ​​តា​កាន់​ចេក​ដើរ​កាត់​ព្រៃ​ចូល​មក​ក៏​សួរ​ទៅ​ថា​ ” តា​អើ​តា​ តា​ឯង​មាន​នេត្រា​ជន់​ជោរ​សោក​សៅ​ តើ​មាន​ទោស​ទុក្ខ​យ៉ាង​ណា​ ចូល​មក​នេះ​សិន​ ?
តា​ក៏​និយាយ​រឿង​ខ្លួន​ និង​ក្រពើ​ ដែល​​​​កើត​ហេតុ​និង​គ្នា​ ប្រាប់​ទន្សាយ​នោះ​សព្វ​ប្រការ​។
ទន្សាយ​បាន​ស្ដាប់​ដូច្នោះ​ក៏​ថា​ ” ​អើ​​​អា​សត្វ​ក្រពើ​នោះ​គឺ​ជា​សត្វ​មិន​ដឹង​គុណ​តា​ឯង​ បើ​ដូច្នេះ​ ខ្ញុំ​នឹង​ទទួល​ធ្វើ​ជា​ចៅ​ក្រម​ជំ រះ​ឲ្យ​​ តា​កុំ​ភ័យ​ ឲ្យ​តែ​ចេក​នេះ​មក​ខ្ញុំ​ស៊ី​សិន​ សឹម​ទៅ​ជា​មួយ​​គ្នា ” ។
តា​នោះ​ក៏​ឲ្យ​ចេក​ ១ ស្និត​ទៅ​ទន្សាយ ៗ​ បរិភោគ​ចេក​អស់​ហើយ​ក៏​នាំ​គ្នា​ទៅ​កាន់​ដំណាក់​ដែល​​ឈប់​នោះ​ ដល់​ហើយ​ទន្សាយ​និយាយ​ទៅ​ថា​ ” ម៉េច​ចៅ​ក្រពើ​ ចៅ​ឯង​វង្វេង​​ព្រៃ​​ មិន​ដឹង​ជា​ទៅ​ឯ​ណា​បាន​ជា​តា​គាត់​មេត្តា​អោយ​ដោយ​សារ​មក​ផង​ ឥឡូវ​បាន​ដល់​ទី​សម​គួរ​ នឹង​អាស្រ័យ​ទៅ​ហើយ​ម្ដេច​ចៅ​គិត​វេរ​ឃ្នើស​គុណ​គាត់​ គិត​និង​ស៊ី​គាត់​វិញ​ដូច្នោះ​ តើ​គាត់​ធ្វើ​ទុក្ខ​ទោស​អ្វី​ដល់​ចៅ​​ឯង​ ? “។
ក្រពើ​ឆ្លើយ​ថា​ ” អើ​លោក​សុភា តា​នេះ​គាត់​​ឲ្យ​ខ្ញុំ​ដោយ​សារ​មក​នោះ​មែន​ ប៉ុន្តែ​គាត់​ធ្វើ​បាប​ខ្ញុំ​ខ្លាំង​ណាស់​ គឺ​គាត់​ចង​ខ្ញុំ​ភ្ជាប់​​​​ទៅ​នឹង​ទូក​រទេះ​ខ្លាំង​ពេក​ រក​តែ​រើ​ខ្លួន​​ដក​ដង្ហើម​ក៏​ពុំ​​បាន​ គាត់​ទុក​ខ្ញុំ​យ៉ាង​នេះ​ បាន​ជា​ខ្ញុំ​ខឹង​គាត់​ត្រូវ​តែ​ប្រគល់​គោ​គាត់​បាន​មួយ​ មក​ឲ្យ​ខ្ញុំ​ស៊ី​ បើ​គាត់​មិន​ព្រម​ឲ្យ​គោ​នោះ​ទេ​ ខ្ញុំ​ត្រូវ​ស៊ី​គាត​វិញ​ ” ។
ទន្សាយ​ឆ្លើយ​អនុលោម​តាម​ពាក្យ​ថា​ ” អើ​​តា !​ តា​ឯង​ចង​គេ​ខ្លាំង​ហួស​បាន​ជា​​គេ​ខឹង​​ ចុះ​តា​ឯង​ម្ដេច​ក៏​ចង​គ្នា​​តឹង​​ម្ល៉េះ​ គ្នា​រក​តែ​រើ​ខ្លួន​មិន​រួច​ដូច្នោះ​តា​ ? ” ។
តា​នោះ​ថា​៖ ទេ ! ខ្ញុំ​បាទ​មិន​បាន​ចង​តឹង​ទេ​លោក​ ចង​តែ​ល្មម​តែ​ជាប់​ពុំ​ឲ្យ​ធ្លាក់​ប៉ុណ្ណោះ​ឯង​។
ទន្សាយ​ថា​៖ ” អើ ! ខាង​ចោទ​ ក៏​ថា ចង​តឹង​ខ្លាំង​ ខាង​ចម្លើយ​ថា​ចង​ល្មម​ ពាក្យ​អ្នក​ទាំង​ពី​អ្នក​នេះ​ សឹង​ពុំ​មាន​អ្នក​ណា​ជា​​​កសិណ​ទេ​ បើ​ដូច្នោះ​ ត្រូវ​ចៅ​ក្រពើ​ឯង​ លូន​ឡើង​មក​លើ​ទូក​រទេះ​វិញ​ ឲ្យ​គាត់​ចង​ម្ដង​ទៀត​ យើង​នឹង​​មើល​ឲ្យ​ដឹង​ថា​ តឹង​ ឬ ធូរ ទើប​និង​បាន​កាត់​សេចក្ដី​នេះ អោយ​យុត្តិធម៌​ទៅ​បាន ” ។
ឯ​ក្រពើ​ជា​សត្វ​ខ្លៅ​ ក៏​វារ​ឡើង​ទៅ​ក្រាប​លើ​ទូក​រទេះ​ អោយ​តា​នោះ​ចង​​​ដូច​មុន​ តា​យក​ចំណង​មក​ចង​ដូច​មុន​វិញ​ ទន្សាយ​សួរ​ថា៖ ” ម្ដេច​ចៅ​កុម្ភការ​តា​គាត់​ចង​​តឹង​យ៉ាង​នេះ​ឬ ?​​ក្រពើ​ឆ្លើយ​ថា​ ” ទេ ,​លោក​ ! កាល​គាត់​ចង​ខ្ញុំ​មុន​នោះ​ តឹង​លើស​នេះ​ខ្លាំង​ណាស់​ បើ​ចង​ប៉ុណ្ណេះ​ខ្ញុំ​ទៅ​ខឹង​អ្វី​នឹង​គាត់​”​ ។ ទន្សាយ​ ” អើ​ចូល​តា​រឹត​ទ្វេ​ឡើង​ទៀត​ អោយ​គេ​សុខ​ចិត្ត​ ” ។ តា​នោះ​ក៏​រឹត​ចំណង​ឡើង​ទៀត ។ ទន្សាយ​សួរ​ថា​ ” ម្ដេច ! ចៅ​កុម្ភការ​​ម្ដង​នេះ​ តើ​តឹង​ដូច​ការ​ជាន់​មុន​នោះ​ហើយ​ ឬ នៅ​ ? ” ក្រពើ​ថា ” នៅ ! ពុំ​ទាន់​ស្មើ​ចង​មុន​នោះ​ទេ ” ។ ទន្សាយ​បង្គាប់​ថា​” តា​ឯង​កាប់​ឈើ​មក​ធ្វើ​ជា​កូន​កំព្រា​រឹត​ម្ដង​ទៀត​ទៅ​ ” តា​នោះ​ក៏​ធ្វើ​តាម​ ហើយ​តាំង​ត្របែង​រឹត​ទាំង​មុន​ទាំង​ក្រោយ​អស់​ទំហឹង​ដៃ​ ។ ឯ​ក្រពើ​នោះ​ត្រូវ​គេ​ ត្របែង​ដោយ​កូន​កំព្រា​ខ្លាំង​ តឹង​ខ្លួន​ស្ទើរ​តែ​ដក​ដង្ហើម​ចេញ​ពុំ​បាន​ ទើប​ឆ្លើយ​ថា​ ” សូម​ទាន​កាល​ជាន់​មុន​នោះ​ គាត់​ចង​តឹង​យ៉ាង​​​នេះ​ឯង​ លោក​អើ​ នរណា​ឡើយ​និង​អត់​បាន​ សូម​លោក​ជា​សាក្សី​មើល​ចុះ​ តើ​អ្នក​ឯ​ណា​ខុស​ឯ​ណា​ត្រូវ​ ” ។
ទន្សាយ​ឃើញ​ក្រពើ​រើ​ខ្លួន​ពុំ​រួច​ហើយ​ ទើប​បង្កាប់​តា​នោះ​ថា​ ” តា​ចាំ​អ្វី​ទៀត​ ពូថៅ​​ធំ​ក្នុង​រទេះ​នោះ​ មិន​យក​មក​ពុះ​ក្បាល​វា​ទៅ​ ទុក​ឲ្យ​រស់​ធ្វើ​អ្វី​​ខ្មោច​អា​សត្វ​អកតញ្ញូ ពុំ​ដឹង​គុណ​គេ ដែល​ធ្វើ​គុណ​ខ្លួន​ ” ។ តា​ចាស់​នោះ​បាន​ឱកាស​ដោយ​ទន្សាយ​ប្រាប់​ដូច្នោះ​ ក៏​ស្ទុះ​ទៅ​យក​​​​ពូថៅ​ធំ​មក​សំពង​កាប់​ក្រពើ​នោះ​ កាត់​ជា​កំណាត់​តូច​ធំ​ ក្រពើ​ក៏​លុះ​នូវ​ក្ដី​អន្តរាយ​ជីវិត​ហោង​ ។
សុភា​ទន្សាយ​បង្គាប់​ថា​ ” កង់​កន្ទុយ​វា​នោះ​ តា​ឯង​ឆ្អើរ​ ដាក់​យក​ទៅ​ស្ងោរ​ពិសា​ ឬ​ចង់​ញាំ​ក៏​បាន​ ឯ​ពោះ​វៀន​បត់​ចន្ទាស​វា​នោះ​ ញាំ​ភារ​ជា​ការ​ប្រសើរ​ណាស់​តា​អើ ៕
ឯ​តា​នោះ​​​​ ធ្វើ​តាម​សុភា​ទន្សាយ​ប្រាប់​​សព្វ​​ប្រការ​​ ហើយ​យក​ចេក​ ត្រសក់​ ជូន​ទន្សាយ​ដោយ​ខ្លួន​បាន​ផុត​អំពី​អន្តរាយ​ ស្រេច​ហើយ​យក​គោ​មក​ទឹម​រទេះ​ លា​សុភា​ទន្សាយ​បរ​ទៅ​កាន់​ទី​ឋាន​នៃ​អាត្មា​​ហោង​ ៕

_______________________
ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៧

Download Khmer UnicodeDownload Khmer Unicode
Khmer Quotes